អ្នកនាំពាក្យសុខាភិបាល៖ វ៉ាក់សាំងនៅតែមានប្រយោជន៍ចំពោះ មេរោគកូវីដ១៩ បំប្លែងថ្មី (Video inside)
Khmer press February 23, 2021 at 3:14 pm
facebook

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ បំប្លែងថ្មី។ ការអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា៖ «វ៉ាក់សាំងនៅតែមានផលប្រយោជន៍ សម្រាប់បុគ្គលក្នុងការបង្កើតកងការពារ សម្រាប់ទប់ស្កាត់នូវការវាយលុក ទប់ស្កាត់នូវភាពធ្ងន់ធ្ងរ ដែលវាយលុកដោយវីរុសកូវីដ១៩ មិនថាឥឡូវឬក៏បំប្លែងទេ»។

លោកស្រី បានបន្តថា ទោះជាយ៉ាងនេះក្តី ពេលនេះអ្នកវិទ្យាសាស្រ្ត មិនទាន់មានភស្តុតាងដើម្បីបញ្ជាក់ថា វ៉ាក់សាំងនឹងមានប្រសិទ្ធភាពប៉ុន្មានភាគរយសម្រាប់មេរោគកូវីដ១៩ បំប្លែងថ្មីនេះនោះទេ ដែលពួកគេត្រូវធ្វើការសិក្សាបន្តទៀត ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់។

កម្ពុជា បាននិងកំពុងមានការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញវិជ្ជមាន៣២ករណី ក្នុងរយៈពេលត្រឹម១យប់ប៉ុណ្ណោះ ដែលក្នុងនោះភាគច្រើនជាជនជាតិចិន។ រហូតដល់ពេលនេះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានមនុស្ស៩៩នាក់ ត្រូវបានរកឃើញវិជ្ជមាន ដែលក្នុងនោះមានមួយចំនួន ជាមេរោគកូវីដ១៩ បំប្លែងថ្មី។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់នូវការរីករាលដាលដ៏គួរឱ្យព្រួយបារម្ភនេះ ដោយក្នុងនោះរដ្ឋាភិបាល បានបិទសាលារៀនរយៈពេល២សប្តាហ៍ និងមណ្ឌលផ្សេងទៀត ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews