អភិបាលរាជធានីភ្នំពេញ បន្តចែកម៉ាស់ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាលើកទី២ ដល់ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ នគរបាល អាវុធហត្ថ ផ្សារចំនួន២៥ និងសហគមន៍អ្នកក្រីក្រ
Khmer press February 23, 2021 at 4:55 pm
facebook

រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា អ្នកដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជុំវិញ ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នោះនឹងមានទោសទណ្ឌ ហើយអាចបិទអាជីវកម្មជាបណ្ដោះ អាសន្នផងដែរ បើម្ចាស់អាជីវកម្មមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងឱកាសដែលលោកប្រគល់ម៉ាសរាប់សិបម៉ឺន ជូនរបស់សម្ដេចតេជោ ហ៊ុន សែន ដល់រដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ផ្សារទាំង២៥ នគរបាល អាវុធហត្ថជាលើកទី២ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ឃួង ស្រេង បានលើកឡើងថា «ចំពោះអ្នកដែលមិនអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល ត្រូវប្រឈមនឹងមានទោសទណ្ឌ ដោយសារថា មិនយូរទេ អាចស្អែក ឬខានស្អែករាជរដ្ឋាភិបាលនឹងចេញ ស.ជ.ណ ឱ្យអនុវត្ត ចំពោះអ្នកដែលមិនអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីអ្នកពីការបង្ការស្កាត់នូវជំងឺកូវីដ១៩ហើយ។ ចំណែកឯអ្នកបើកអាជីវកម្មដ្ឋាននានា ក៏ប្រឈមនូវការបិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើពួកគាត់មិន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស លាងដៃជាប្រចាំពោល គឺត្រូវអនុវត្តអោយបាននូវវិធានរបស់ក្រសួងសុខាភិបាល និងត្រូវស្វែងយល់ពីសាររបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះឱ្យបានជោគជ័យ។

គួរបញ្ជាក់ថា ម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោក ឃួង ស្រេង ប្រគល់ជូនជាលើកទី២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ រួមមាន៖ ប្រគល់ជូន១៤ខណ្ឌ ក្នុង១ខណ្ឌទទួលបានម៉ាស ១៤០០០ម៉ាស សង្កាត់ទាំង១០៥ ក្នុង១សង្កាត់ទទួលបានម៉ាស២០០០ម៉ាស សហគមន៍ក្រីក្រនៅទូទាំងរាជធានីភ្នំពេញ ចំនួន១២៤០០០ម៉ាស ប្រគល់ជូននគរបាលរាជធានីភ្នំពេញ ចំនួន៥ម៉ឺនម៉ាស កងរាជអាវុធហត្ថ៣ម៉ឺនម៉ាស និងនៅតាមផ្សារនានាទាំង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤៥០០ម៉ាស។

លោក ឃួង ស្រេង ក៏បានសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងមានសមត្ថកិច្ចត្រូវចែកម៉ាសទាំងនេះឱ្យដល់ដៃប្រជាពលរដ្ឋក្រីក្រ ដើម្បីរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ អោយទទួលបានជោគជ័យ៕ ផ្តល់សិទ្ធិដោយ៖ freshnews