តារាកំប្លែងអ្នកនាង «ស្រីអ៉ីត» បញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ១៩ និងប្រាប់ពីមូលហេតុឆ្លង
Khmer press March 13, 2021 at 2:34 pm
facebook

(ភ្នំពេញ)៖ អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត ដែលមហាជនទូទៅស្គាល់ថា ជាតារាកំប្លែងល្បីមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយពែកមី នោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។ ស្រីអ៉ីត បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា រូបនាងពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ពិតមែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។

ស្រីអ៉ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។

តារាកំប្លែងស្រីអ៉ីត ដែលមានឈ្មោះពិតថា សេង ចិន្តា អាយុ៣៩ឆ្នាំ បានអះអាងទៀតថា ទោះបីជារូបនាងមានវិជ្ជមានកូវីដ-១៩ក្តី ប៉ុន្តែនាងពុំមានអារម្មណ៍ភិតភ័យ ឬខ្លាចរអានោះទេ ហើយមនុស្សម្នាក់ៗក៏មិនចង់កើតជំងឺនេះដែរ។ នាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា។

គួរជម្រាបថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, អ្នកនិពន្ធនិងដឹកនាំថតចម្រៀងលោក វ៉ែន វណ្ណា ហើយជាក់ស្តែងពេលនេះ គឺតារាកំប្លែង នាងអ៉ីត។ តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews