អ្នកនិពន្ធនៅហង្សមាស លោក ម៉ម មិថុនា បញ្ជាក់ថាខ្លួន «វិជ្ជមានកូវីដ-១៩» ពេលលទ្ធផលធ្វើតេស្តលើកទី២
Khmer press March 17, 2021 at 1:21 pm
facebook

(ភ្នំពេញ)៖ លោក ម៉ម មិថុនា ជាអ្នកនិពន្ធបទភ្លេង និងជាអ្នកដឹកនាំសម្តែងនៅផលិតកម្មរស្មីហង្សមាស បានបញ្ជាក់ថា លោកត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តលើកទី២។

លោក ម៉ម មិថុនា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា រូបលោកបានទទួលការធ្វើតេស្តលើកទី២ និងបានលទ្ធផលថា លោកមានវិជ្ជមានចំពោះកូវីដ-១៩ ក្នុងនោះសមាជិកគ្រួសាររបស់លោកចំនួន៥នាក់ទៀត ក៏ត្រូវបានសង្ស័យថា មានវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផល។

លោកបានបន្តថា នៅពេលនេះក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកំពុងមកយកលោកដល់គេហដ្ឋានដែលស្ថិតនៅ ផ្ទះលេខ៣៤D ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទៅព្យាបាល។ ប៉ុន្តែនៅមិនទាន់ដឹងថា ត្រូវទៅព្យាបាលនៅកន្លែងណាទេ ដោយរង់ចាំការសម្រេចរបស់ក្រុមគ្រូពេទ្យសិន ព្រោះរូបលោក និងគ្រួសារកំពុងនៅលើរថយន្ត។

លោក ម៉ម មិថុនា បានបញ្ជាក់បន្ថែមថា កន្លងមកលោកមិនធ្លាប់មានការជួបជុំ ឬក៏បានទៅជួបជាមួយនរណាទេ ពោលគឺចេញពីធ្វើការទៅផ្ទះ និងចេញពីផ្ទះមកធ្វើការធម្មតា ហើយលោកក៏មិនបានដឹងខ្លួនថា លោកបានឆ្លងជំងឺកូវីដ-១៩ នេះតាមរយៈណាដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews