មន្ត្រី WHO៖ «បច្ចុប្បន្នយើងត្រូវរួមគ្នា ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ មិនមែនប្រឆាំងគ្នាឯងនោះឡើយ»
Khmer press March 27, 2021 at 11:32 am
facebook

(ហ្សឺណែវ)៖ មន្រ្តីមួយរូបនៃអង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រសប្តាហ៍នេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការគ្នា រវាងមេដឹកនាំប្រទេសនៅជុំវិញពិភពលោក ដោយនិយាយថា បច្ចុប្បន្នយើងទាំងអស់គ្នា ត្រូវធ្វើសង្រ្គាមប្រឆាំងនឹងជំងឺរាតត្បាតជាសកល មិនមែនប្រឆាំងគ្នាឯងឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

លោក ប្រ៊ូស អ៊ែលវើដ (Bruce Aylward) ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក WHO បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ចេញពីទីក្រុងហ្សឺណែវយ៉ាងដូច្នេះថា «និយាយតាមត្រង់ ឥឡូវនេះគឺពិភពលោកកំពុងស្ថិតក្នុងសង្រ្គាមមួយ… សង្រ្គាមដែលយើងកំពុងស្ថិតនៅ គឺសង្រ្គាមប្រឆាំងវីរុស… ប្រឆាំងជំងឺ ដែលរាតត្បាតជាសកល មិនមែនប្រឆាំងគ្នាឯងនោះទេ»។

គួរបញ្ជាក់ថា លោក Aylward បានធ្វើការលើកឡើងដូចខាងលើ ក្រោយប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «យើងកំពុងប្រឈមមុខ នឹងសង្រ្គាមលោកប្រភេទថ្មីមួយ» ពាក់ព័ន្ធទៅនឹងយុទ្ធសាស្រ្ត នៃការនាំចេញវ៉ាក់សាំងរបស់អឺរ៉ុប។

លោកប្រធានាធិបតីបារាំងបានបន្តថា អឺរ៉ុបគឺជាទ្វីបតែមួយគត់ ដែលមានយុទ្ធសាស្រ្តវ៉ាក់សាំងពិតប្រាកដ ហើយលោកគាំទ្រលើយន្តការគ្រប់គ្រងការនាំចេញវ៉ាក់សាំង ដែលគណៈកម្មការអឺរ៉ុបបានដាក់ចេញ ដោយសារសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស មានបំណងការពារការផលិតវ៉ាក់សាំង របស់ពួកគេរៀងៗខ្លួន។

លោក Bruce Aylward ក៏បានជំរុញសាជាថ្មីឲ្យនាយក WHO លោក ថេដ្រូស អាដាណម ធ្វើការចែករំលែកវ៉ាក់សាំងបង្ការ COVID-19 ទៅដល់ប្រទេសដែលមានវ៉ាក់សាំងតិចតួចនៅឡើយ ព្រោះមន្ត្រី WHO រូបនេះគិតថា «វាជារឿងត្រឹមត្រូវដែលត្រូវធ្វើដូច្នេះ» ដើម្បីឲ្យប្រាកដថា គ្រប់គ្នាអាចទទួលបានវ៉ាក់សាំង នៅក្នុងគ្រាដែលចាំបាច់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews