មេដឹកនាំប្រទេសចំនួន ២៣ និង WHO គាំទ្រការបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោក
Khmer press March 30, 2021 at 10:59 am
facebook

(ព្រុចសែល)៖ មេដឹកនាំនៃប្រទេសចំនួន ២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានគាំទ្រលើគំនិតបង្កើត «សន្ធិសញ្ញាអន្តរជាតិមួយ» ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយ វិបត្តិសុខាភិបាលនៅពេលអនាគត ដូចជាជំងឺ COVID-19 ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិខាងលើ ដែលមានគោលបំណងសម្រួលដល់ការទទួលបានថ្នាំពេទ្យ ឬវ៉ាក់សាំងប្រកបដោយសមធម៌ ត្រូវបានលើកឡើងដោយប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល (Charles Michel) កំឡុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា កាលពីឆ្នាំ២០២០។

បណ្តាមេដឹកនាំនៃប្រទេសដែលគាំទ្រគំនិតខាងលើនេះរួមមាន អាល់បានី (Albania), ឈីលី (Chile), ខូស្តា រីកា (Costa Rica), ហ្វីជី (Fiji), បារាំង (France), អាល្លឺម៉ង់ (Germany), ក្រិក (Greece), ឥណ្ឌូណេស៊ី (Indonesia), កេនយ៉់ា (Kenya), ហូឡង់ (Netherlands), ន័រវេយ៍ (Norway), ព័រទុយហ្គាល់់ (Portugal), រ៉ូម៉ានី (Romania), រ៉ាវ៉ាន់ដា (Rwanda), សេណេហ្គាល់់ (Senegal), សេប៊ី (Serbia), អាហ្វ្រិកខាងត្បូង (South Africa), កូរ៉េខាងត្បូង (South Korea), អេស្ប៉ាញ (Spain), ទ្រីនីដេដ និង តូបាហ្គោ (Trinidad and Tobago), ទុយនីស៊ី (Tunisia), អ៊ុយក្រែន (Ukraine), ចក្រភពអង់គ្លេស (the United Kingdom) និងអង្គការ WHO។

គួរបញ្ជាក់ថា សន្ធិសញ្ញាខាងលើក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះវិស័យសុខភាពមនុស្ស សត្វ និងពិភពលោក ដែលត្រូវបានចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងគ្នា ហើយប្រទេសទាំងអស់គួរតែ ចូលរួមចំណែកទទួលខុសត្រូវ និងធ្វើកិច្ចសហប្រតិបត្តិការជាសកល ប្រកបដោយតម្លាភាព៕ ផ្តល់សិទ្ធិដោយ៖ freshnews