តុលាការនៅវៀតណាមកាត់ទោស បុគ្គលិកបម្រើការលើយន្តហោះម្នាក់ ដោយសារបំពានការធ្វើចត្តាឡីស័ក ហើយចម្លងកូវីដ-១៩ ដល់អ្នកដទៃ
Khmer press March 30, 2021 at 3:14 pm
facebook

(ហាណូយ)៖ តុលាការនៅប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានសម្រេចផ្តទ្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល០២ឆ្នាំ ចំពោះបុគ្គលិកបម្រើការលើយន្តហោះម្នាក់ នៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្រោយពីបុគ្គលរូបនេះ ត្រូវបានរកឃើញថា មានទោសទណ្ឌពីបទល្មើសគោលការណ៍ធ្វើចត្តាឡីស័ក ហើយចម្លងជំងឺ COVID-19 រាលដាលដល់អ្នកដទៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

យ៉ាងណាមិញ ការដាក់ទោសខាងលើគឺត្រូវបានព្យួរទាំងស្រុង។ តុលាការវៀតណាមបានលើកឡើងថា បុគ្គលខាងលើមានឈ្មោះថា ឌូង តាន ហៅ (Duong Tan Hau) អាយុ២៩ឆ្នាំ បានល្មើសការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយជួបជាមួយមនុស្សចំនួន៤៦នាក់ផ្សេងទៀត បន្ទាប់ពីខ្លួនធ្វើដំណើរមកពីប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ បុគ្គលឈ្មោះ Duong បានធ្វើតេស្តវិជ្ជមាន COVID-19 នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីបំផុតទង្វើគ្មានភាពទទួលខុសត្រូវ របស់បុគ្គលិកបម្រើការលើយន្តហោះរូបនេះ បានបណ្តាលឲ្យមានការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត COVID-19 ចំពោះមនុស្សប្រហែលជា២,០០០នាក់ នៅក្នុងទីក្រុងហូជីមិញ ដោយបើគិតជាថវិកាស្មើនឹងជិត២០ម៉ឺនដុល្លារ ដែលត្រូវបានចំណាយទៅលើកិច្ចការទាំងនេះ។ ក្នុងចំណោមនោះ មនុស្សយ៉ាងតិច០៣នាក់ បានឆ្លង COVID-19 ពីបុគ្គលឈ្មោះ Duong។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ វៀតណាមបានរកឃើញករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសខ្លួន ត្រឹមក្រោម២,៦០០នាក់ ក្នុងនោះមានអ្នកស្លាប់៣៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews