ផលិតកររបស់ហង្សមាស លោក សុង វណ្ណា ប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ និងបន្តទៅធ្វើចត្តាឡីស័កនៅផ្ទះថែមទៀត
Khmer press March 31, 2021 at 3:54 pm
facebook

(ភ្នំពេញ)៖ ផលិតករ និងជាអ្នកដឹកនាំសម្តែងមួយរូបរបស់ផលិតកម្មហង្សមាស គឺលោក សុង វណ្ណា ហៅ ប៉ បានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ទោះបីជាសះស្បើយក្តី តែលោកនៅតែបន្តធ្វើចត្តាឡីស័កក្នុងផ្ទះផ្ទាល់ខ្លួនថែមទៀត ដើម្បឲ្យប្រាកដពីស្ថានភាពសុខភាព។

នៅមុននេះបន្តិច លោក សុង វណ្ណា បង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសំណេរថា «ដំណឹងល្អ! ជំរាបសូរពុកម៉ែបងប្អូន មិត្តភក្រ័្តទាំងអស់ជាទីនឹករលឹក ថ្ងៃនេះគ្រូពេទ្យបានអនុញ្ញាតឲ្យខ្ញុំបាទ បានត្រលប់មកផ្ទះវិញហេីយ ដោយធ្វេីចត្តាឡីស័ក ១៤ថ្ងៃនៅឯផ្ទះ ។ អរគុណលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដែលបានយកចិត្តទុកដាក់មេីលថែទាំខ្ញុំរហូតដល់ជាសះស្បេីយពីជំងឺ Covid-19 នេះ និងអរគុណដល់លោកអគ្គនាយក ហង្សមាស គ្រុប លោក អ៊ឹង ឆៃងួន លោកប្រធាន អ៊ឹង សុងលាភ លោកស្រី អគ្គនាយការ អ៊ឹង គីមលាង និង មេៗផ្សេងៗទៀត ដែលបានគិតគូរដល់កូនចៅទាំងអស់គ្នា យ៉ាងកក់ក្តៅ និង កម្លាំងចិត្តមករូបខ្ញុំជារៀងរាល់ថ្ងៃ មិនថារបស់ហូបចុក និងរបស់របរប្រេីប្រាស់ផ្សេងៗ»។

លោក សុង វណ្ណា បន្តថា «អរគុណដល់បង ស្រីប្រធានសមាគមនសិល្បៈ ចន ចាន់លក្ខិណា , បង ស្រី ឌូង ហ្សូរីដា, បងស្រី រត្ន័ អតីតថៅកែ@Mango ។ អរគុណដល់គ្រុប V.N Trip ទាំងអស់គ្នា ដែលមិនបានរៀបរាប់ឈ្មោះអស់ អគុណ ដល់កូនគួយ និង មិត្តភក្តិទាំងអស់ដែលបានខល និងឆាតសួរសុខទុក្ខផ្តល់កម្លាំងចិត្តរហូតមក និង សូមអភ័យទោសអ្នកទាំងអស់គ្នា ដែលមិនបានឆ្លេីយតបអស់ ព្រោះមានចំនួនច្រេីនពេក អរគុណខ្លាំងមែនទែននូវការបារម្ភ សប្បាយចិត្តដូចកេីតឡេីងវិញ។ ជាចុងក្រោយសូមពុកម៉ែបងប្អូនមិត្តទាំងអស់រក្សាអនាម័យការពារឲ្យបានខ្ជាប់ ៣កុំ ៣ការពារ ជៀសឆ្ងាយពីជំងឺកូវិដទាំងអស់គ្នា»។

គួរជម្រាបថា គិតរហូតមកទល់នឹងពេលនេះ មានសិល្បករ-សិល្បការិនី របស់ហង្សមាសជាបន្តបន្ទាប់ហើយ បានប្រកាសពីការជាសះស្បើយពីជំងឺកូវីដ-១៩ ដូចជាពិធីការិនី កែវ ចាន់និមល, វី ឌីណែត, សុគន្ធ និសា និងពេលនេះ គឺលោក សុង វណ្ណា ខណៈមួយចំនួនទៀតកំពុងសម្រាកព្យាបាល។ ទន្ទឹមគ្នានេះ អ្នកគាំទ្រក៏បានជូនពរឲ្យសិល្បករកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews