UPDATE: មនុស្សស្លាប់កើនដល់ ៣៦នាក់ និងរាប់សិបអ្នកទៀតរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅកោះតៃវ៉ាន់
Khmer press April 2, 2021 at 12:59 pm
facebook

(តៃប៉ិ)៖ ចំនួនមនុស្សស្លាប់ដោយសាររថភ្លើងមួយខ្សែ ក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងផ្លូវរូងក្រោមដីមួយកន្លែង នៅភាគខាងកើតតៃវ៉ាន់នាថ្ងៃសុក្រនេះ បានកើនឡើងដល់ ៣៦នាក់ហើយ ខណៈមនុស្សរាប់សិបអ្នកទៀតរងរបួស ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងតៃតាំង (Taitung) ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុង រូងក្រោមដីមួយកន្លែងក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ ខណៈរថភ្លើងខាងលើនេះ ដឹកមនុស្សសរុបប្រហែល ៣៥០នាក់។

គួរបញ្ជាក់ថា ប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ដោយមនុស្សជាង ១០០នាក់ គឺត្រូវបានជួយសង្រ្គោះចេញពីកន្លែងកើតហេតុ ដែលមានភាពលំបាកនោះ។ កាលពីឆ្នាំ២០១៨ មនុស្សសរុប ១៨នាក់បានស្លាប់ និង១៧៥នាក់បានរងរបួស នៅពេលរថភ្លើងមួយខ្សែបានក្រឡាច់ចេញពីផ្លូវ នៅភាគឦសាននៃកោះតៃវ៉ាន់ ដែលត្រូវចាត់ទុកជា គ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតក្នុងរយៈពេល ០៣ទសវត្សរ៍ចុងក្រោយ សម្រាប់ដែនដីកោះមួយនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews