នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើដំណើរទៅជួបលោក ចូ បៃដិន ដល់សហរដ្ឋអាមេរិក, ចិននឹងក្លាយជាប្រធានបទក្តៅ
Khmer press April 2, 2021 at 1:44 pm
facebook

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នឹងធ្វើដំណើរទៅជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃទី១៦ ខែមេសា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ហើយប្រទេសចិននឹងក្លាយជា «ប្រធានបទក្តៅ» ដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ ត្រូវលើកយកទៅពិភាក្សាគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រី ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ក៏នឹងក្លាយមេដឹកនាំបរទេសដំបូងផងដែរ ដែលលោកប្រធានាធិបតី ចូ បៃដិន ត្រូវធ្វើកិច្ចស្វាគមន៍ដោយផ្ទាល់ នៅក្នុងទឹកដីសហរដ្ឋអាមេរិក គិតចាប់តាំងពីលោកបានឡើងកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងកំឡុងពេលដែលមហាអំណាចលេខ ១ លើពិភពលោកនេះ កំពុងហែលឆ្លងវិបត្តិ COVID-19 ដ៏អាក្រក់បំផុត។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក កាតុ កាត់ស៊ូណូប៊ុ (Katsunobu Kato) ពីដំបូងឡើយមេដឹកនាំអាមេរិក និងជប៉ុន បានគ្រោងជួបគ្នានៅដើមខែមេសានេះ ប៉ុន្តែប្រទេសទាំងពីរត្រូវការពេលវេលា ដើម្បីរៀបចំបន្ថែមទៀតទើបវាត្រូវពន្យារ ពេល ទៅដល់ពាក់កណ្តាលខែមេសាវិញ។ បើតាមអ្នកដឹងលឺអំពីព័ត៌មាន អំពីគោលដៅដំណើរទស្សនកិច្ចនេះ គឺសហរដ្ឋអាមេរិក និងប្រទេសជប៉ុនគ្រោងលើកយករឿងរ៉ាវនៅចិនដូចជា តំបន់ស៊ីនជាំង និងទីក្រុងហុងកុងទៅពិភាក្សាគ្នា៕ ផ្តល់សិទ្ធិដោយ៖ freshnews