ឥណ្ឌាមើលឃើញអត្រាឆ្លងកូវីដ-១៩ កើនដល់ជាង៨ម៉ឺននាក់ ក្នុងមួយថ្ងៃ
Khmer press April 2, 2021 at 3:34 pm
facebook

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៨១,៤៦៦នាក់ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេល០៦ខែចុងក្រោយ ស្របពេលដែលរដ្ឋជាបន្តបន្ទាប់ បាននិងកំពុងរងការរាតត្បាតរលកទីពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

ទិន្នន័យក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនករណីឆ្លងសរុបបានកើនដល់ ១២.៣លាននាក់ ដែលបន្តជាប្រទេសមានករណីឆ្លង ច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៉ីល។ ចំណែកចំនួនអ្នកស្លាប់វិញ បានកើន៤៦៩នាក់ គឺដល់១៦៣,៣៩៦នាក់។ នៅចំពោះមុខការឆ្លងរាលដាលខ្លាំងនេះ រដ្ឋាភិបាលឥណ្ឌាក៏បានពង្រីក យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងស្វិតស្វាញផងដែរ ខណៈរដ្ឋមួយចំនួន កំពុងពិចារណាដាក់ឲ្យអនុវត្តវិធានការរឹតត្បិតឡើងវិញ។

គួរបញ្ជាក់ថា រដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra) នៅភាគខាងលិចប្រទេសឥណ្ឌា មានការឆ្លងរាលដាលខ្លាំងជាងគេ ដោយនៅថ្ងៃសុក្រនេះ បានរាយការណ៍ករណីឆ្លងថ្មីៗរហូតដល់ទៅ៤៣,១៨៣នាក់។ ឥណ្ឌាបានអនុវត្តវិធានការរាំងខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹងបំផុតមួយ ដើម្បីគ្រប់គ្រងការរាតត្បាតនៃ COVID-19 កាលពីឆ្នាំ២០២០ ប៉ុន្តែក្រោយមកត្រូវបានបន្ធូរបន្ថយវិញ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយអត្រាឆ្លងរាលដាល នាពេលនោះ ក៏បានថយចុះគួរឲ្យកត់សម្គាល់ដោយសន្សឹមៗផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews