នៅខេត្តកំពង់ឆ្នាំង មនុស្សទាំង២២៩នាក់ ពាក់ព័ន្ធប្តីប្រពន្ធផ្ទុកកូវីដ១៩ ទទួលបានលទ្ធផលតេស្តលើកទី២ «អវិជ្ជមាន»
Khmer press April 3, 2021 at 2:41 pm
facebook

(កំពង់ឆ្នាំង)៖ នៅខេត្តកំពង់ឆ្នាំង អ្នកដែលបានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងប្តីប្រពន្ធ ដែលជាអ្នករាជធានីភ្នំពេញ ទាំង២២៩នាក់ ទទួលបានលទ្ធផលតេស្តលើកទី២ «អវិជ្ជមាន» ទាំងអស់។ នេះបើតាមលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ស្រង់ទិន្នន័យពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មកថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ។

មនុស្សចំនួន ២២៩នាក់នោះ បានពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ ដែលមានកូវីដ១៩ និងបានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ បើតាមអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រោយទទួលដំណឹងនេះ អាជ្ញាធរខេត្តបានស្វែងរកអ្នកពាក់ព័ន្ធទាំងអស់នោះ ហើយយកពួកគេទៅដាក់ឲ្យធ្វើចត្តាឡីស័ក ខណៈសំណាកវិញត្រូវបានយកទៅធ្វើតេស្ត នៅរាជធានីភ្នំពេញ និងតាមដានសុខភាពជាបន្តបន្ទាប់។ សូមជម្រាបថា ក្នុងខេត្តកំពង់ឆ្នាំង មានអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុកកូវីដ១៩ ចំនួន ២៤៧នាក់នោះ កើតឡើងមកពី ៣ប្រភព រួមមាន៖

* ប្រភពទី១៖ ចំនួន ២២៩នាក់ ពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ ដូចបានរៀបរាប់ខាងលើនេះ។
* ប្រភពទី២៖ ចំនួន ១នាក់ (ជាអ្នកខេត្តកំពត) ពាក់ព័ន្ធនឹងមិត្តស្រីរបស់ខ្លួន ដែលមានកូវីដ១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបាននាំគាត់ ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១
* ប្រភពទី៣៖ ចំនួន ១៧នាក់ ពាក់ព័ន្ធនឹងពាក់ព័ន្ធជាមួយគ្រូពេទ្យ សាន ភីរ៉ូ នៃមន្ទីរពេទ្យសម្រាកព្យាបាល «សាន ភីរ៉ូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានកូវីដ១៩ បានទៅផ្ទះឪពុកម្ដាយរបស់នៅក្នុងភូមិក្រាំងសាម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចូលមកសាលាឃុំស្វាយជុក ដើម្បីធ្វើឯកសារដីធ្លី កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

អ្នកដែលពាក់ព័ន្ធនឹងប្រភពទី២ គឺពីមិត្តស្រីរបស់ខ្លួន ចំនួន ១នាក់ និងអ្នកពាក់ព័ន្ធនឹងប្រភពទី៣ គឺពីគ្រូពេទ្យ សាន ភីរ៉ូ ចំនួន ១៧នាក់ ក៏ទទួលបានលទ្ធផលលើកទី១ អវិជ្ជមានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews