អាជ្ញាធរខេត្តស្វាយរៀង សម្រេចយកសណ្ឋាគារ ម៉ុកបាយ នៅក្រុងបាវិត ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
Khmer press April 3, 2021 at 2:59 pm
facebook

(ស្វាយរៀង)៖ ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តស្វាយរៀង មានចំនួនកើនឡើងជាបន្តបន្ទាប់ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងកម្លាំងពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានចូលរួមសម្អាត និងរៀបចំបន្ទប់នៅសណ្ឋាគារ ម៉ុកបាយ នៅក្រុងបាវិត ដែលមានចំនួន ២៨៨បន្ទប់បន្ថែមទៀត ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្នុងបេសកកម្មចុះជួយសម្អាត និងរៀបចំបន្ទប់សណ្ឋាគារ ម៉ុកបាយ បានប្រើប្រាស់កម្លាំងសរុបចំនួន ៦៥នាក់ ក្នុងនោះកម្លាំងប្រចាំបញ្ជាស្នងការដ្ឋាននគរបាលខេត្តចំនួន ៣០នាក់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ១៥នាក់ និងកម្លាំងកងរាជអាវុធហត្ថចំនួន ២០នាក់។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តស្វាយរៀងកើនដល់១០០នាក់ នឹងមានអ្នកជាសះស្បើយតែ២នាក់ប៉ុណ្ណោះ និងមានមន្ទីរពេទ្យ២ គឺមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកស្រុករំដួល កំពុងដាក់អ្នកជំងឺសម្រាកព្យាបាលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews