ហាងស្ទីមសូណាម៉ាស្សាមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ នៅបន្តលួចបើក ត្រូវអាជ្ញាធរចុះបិទ និងឃាត់មនុស្ស១២នាក់
Khmer press April 5, 2021 at 8:22 am
facebook

(ភ្នំពេញ)៖ ហាងយីហោ «ផ្ទះសុខភាព» ស្ទីម ម៉ាស្សាសូណា ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងបិទទីតាំងមួយនេះតែម្ដង ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់ ខណៈជំងឺកូវីដកំពុងរាតត្បាតនៅក្នុងសហគមន៍យ៉ាងគំហុក ដោយបំពាន និងមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។

ការចុះបិទទីតាំងម៉ាស្សាខាងលើនេះ បានធ្វើឡើងកាលល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០១នេះ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ ក្នុងសង្កាត់សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយក្រុមការងារបានត្រួតពិនិត្យឃើញថា ហាងខាងលើបានបន្តលួចបើកអាជីវកម្ម ទោះបីអាជ្ញាធរធ្វើការណែនាំ ក៏ដូចជាការជូនដំណឹងរួចមកហើយក្តី ក៏ម្ចាស់ហាងមួយនេះ មិនបានចូលរួមសហការណ៍ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះឡើយ។

អាជ្ញាធរបានចុះត្រួតពិនិត្យជាក់ស្ដែងឃើញថា ទីតាំងនេះពិតជាបើកដំណើរការនោះ ទើបអាជ្ញាធរខណ្ឌបានដឹកនាំកម្លាំងចុះបង្ក្រាប សម្រេចបិទទីតាំងមួយនេះជាបណ្ដោះអាសន្ន និងធ្វើការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងភ្ញៀវចំនួន១២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។ លោក ហែម ដារិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករ ដែលប្រកបអាជីវកម្ម ក្នុងមូលដ្ឋានខណ្ឌ មេត្តាចូលរួមអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។

វិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews