ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ ឆ្លងកូវីដ១៩
Khmer press April 5, 2021 at 9:55 am
facebook

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធ្ធាំ បុណ្ណា បានរកឃើញវិជ្ជមានកូវីដ១៩ សង្ស័យឆ្លងពីកូនប្រុសរបស់លោក។ នេះបើតាមមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ។

កាលពីកន្លងទៅនេះ កូនប្រុសរបស់លោក ធ្ធាំ បុណ្ណា ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់មកលោក និងសមាជិកគ្រួសារ ក៏ត្រូវបានធ្វើចត្តាឡីស័កនៅផ្ទះ ហើយធ្វើតេស្តរកកូវីដ។ ក្រោយធ្វើតេស្តលើកទី២ លទ្ធផលបញ្ជាក់នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១បង្ហាញថា លោកមានវិជ្ជមានកូវីដ១៩ផងដែរ។

ក្រៅពីលោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏មានសាច់ញាតិរបស់គាត់មួយចំនួនទៀត ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ផងដែរ។

នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ លោក ធ្ធាំ ប៊ុណ្ណា និងសាច់ញាតិរបស់លោកមួយចំនួន រស់នៅផ្ទះលេខ២៨ ផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានក្រុមគ្រូពេទ្យទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២១៥៩នាក់, អ្នកជាសះស្បើយចំនួន ១៦៥៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០១២នាក់, អ្នកស្លាប់ចំនួន ១៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews