រកឃើញអាជីវករផ្សារអូរឬស្សី២០នាក់ទៀតវិជ្ជមានកូវីដ១៩ នាំឲ្យកើនឡើងដល់៣៦នាក់, អាជ្ញាធរបន្តអំពាវនាវឲ្យទៅយកសំណាកជាបន្ទាន់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ខណៈអ្នកបានទៅយកសំណាកមានជាង១០០០ នាក់ហើយ
Khmer press April 6, 2021 at 9:35 am
facebook

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានឲ្យដឹងថា បងប្អូនអាជីវករផ្សារអូរឬស្សីមានចំនួន២០នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នាំឲ្យចំនួនកើនឡើងរហូតដល់៣៦នាក់។ ជាមួយតួរលេខនៃការឆ្លង ចេះតែកើតមានយ៉ាងដូច្នេះ អាជ្ញាធររាជធានីភ្នំពេញ សូមបន្តអំពាវនាវឲ្យបងប្អូនអាជីវករផ្សេងទៀត ទៅយកសំណាកជាបន្ទាន់នៅវិទ្យាល័យបាក់ទូក ខណៈអ្នកបានទៅយកសំណាកមានជាង១០០០នាក់ហើយ។

អភិបាលខណ្ឌ៧មករា លោក លឹម សុភា និងរបាយការណ៍របស់គណៈកម្មការផ្សារអូរឬស្សី បានឲ្យដឹងថា កាលពីយប់មិញមានអាជីវករចំនួន២០នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដជាបន្តបន្ទាប់ ដែលនាំឲ្យចំនួនមានការកើនឡើងដល់៣៦នាក់ហើយ។ តែទោះជាយ៉ាណា ក្រោយការព្រមាន និងអំពាវនាវរបស់អាជ្ញាធរនោះ អាជីវករជាង១០០០នាក់ បានទៅយកសំណាករួចហើយ ក្នុងចំណោមអាជីវករជាង៧០០០នាក់។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អាជីវករផ្សេងទៀត ទៅយកសំណាកជាបន្ទាន់ និងបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ហើយអាជ្ញាធរមូលដ្ឋានត្រូវតាមដាននៅក្នុងភូមិ ឬសង្កាត់របស់ខ្លួន តើមាននរណាខ្លះដែលលក់ដូរនៅក្នុងផ្សារអូរឬស្សី ត្រូវចុះទៅណែនាំឲ្យទៅយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន។

សម្រាប់បងប្អូនអាជីវករណាដែលមិនបានធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនោះ នឹងត្រូវបានរកការផាកពិន័យដូចដែលមានចែងនៅក្នុងច្បាប់ថ្មីទាក់ទងនឹងជំងឺកូវីដ១៩។

អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងថា ការឲ្យអាជីវករទៅពិនិត្យសំណាកនេះ មិនមែនជាការបង្ខិតបង្ខំ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនោះឡើយ ប៉ុន្ដែពាក់ព័ន្ធនឹងបញ្ហា សុខភាពចំបងរបស់បងប្អូន ដើម្បីឲ្យដឹងច្បាស់ថា អាជីវករណា មានផ្ទុកជំងឺកូវីដ-១៩ និងអាជីវករណា មិនមានផ្ទុកជំងឺកូវីដ-១៩។

អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដ នៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះ អាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖

*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040

* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ១៩។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។ បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews