បំបែកសំបុកចោរលួច និងកន្លែងទទួលផលចោរកម្មមួយករណី នៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតម៉ូតូ១៩គ្រឿង
Khmer press April 6, 2021 at 11:44 am
facebook

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់បំបែកសំបុកចោរលួចម៉ូតូ និងកន្លែងទទួលផលចោរកម្មមួយកន្លែង ដោយចាប់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតម៉ូតូបានចំនួន១៩គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី០៤ ខែមេសា ស្ថិតនៅអគារចិន ក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីលួចម៉ូតូកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលបរិវេណអគារលួចយកម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម+ខ្មៅ គ្មានស្លាកលេខ១គ្រឿង និងម៉ាក VISION ពណ៌ស្ក គ្មានស្លាកលេខ១គ្រឿង)។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឆេន ឆាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខឯកជន បច្ចុប្បន្នស្នាក់ នៅកន្លែងកើតហេតុខាងលើ។ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងពិនិត្យតាមម៉ាស៉ីនចាប់រូបភាព អាចកំណត់បានអត្តសញ្ញាណជនសង្ស័យ។

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទើបកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូខាងលើកាលពីយប់មិញពិតប្រាកដមែន ហើយម៉ូតូដែលលួចបានយកទៅដាក់ បញ្ចាំឲ្យគេនៅម្តុំឧតុនិយមក្រុមទី២៦ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយពីបានសុំគោលការណ៍ពីថ្នាក់ដឹកនាំ កម្លាំងជំនាញបន្តតាមនីតិវិធី ចុះទៅធ្វើការឆែកឆេរនៅក្នុងហាងទទួលបញ្ចាំ ក៏ឃើញម៉ូតូដូចខាងលើនៅក្នុងហាង ដែលមានម្ចាស់ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ និងបន្តធ្វើការត្រួតពិនិត្យ រកឃើញម៉ូតូចំនួន១៩គ្រឿងទៀត ដែលម្ចាស់ហាងទទួលបញ្ចាំ ដោយគ្មានលិខិតបញ្ចាក់ពីអត្តសញ្ញាណម៉ូតូត្រឹមត្រូវ ក៏បានធ្វើការដកហូតយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុជាបណ្តោះអាសន្នម៉ូតូដែលដកហូតបានរួមមាន៖ ម៉ាក AiR BLADE ចំនួន៣គ្រឿង, ម៉ាក HONDA Dream C125 ចំនួន៣គ្រឿង, ម៉ាក WAVE ចំនួន៣គ្រឿង, ម៉ាក NEX ១គ្រឿង, ម៉ាក SCOOPY ចំនួន៣គ្រឿង, ម៉ាក ZOOMER-X ចំនួន២គ្រឿង, ម៉ាក ViSiON ចំនួន២គ្រឿង, ម៉ាក LAP ១គ្រឿង, ម៉ាក LEAD ១គ្រឿង, ម៉ាក SiRiUS ១គ្រឿង, ម៉ាក EXCTER ១គ្រឿង, ម៉ាក SMASH-V ១គ្រឿង និងម៉ាស៉ីនកែឆ្នៃធ្វើសោរម៉ូតូ១គ្រឿង។

ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់នោះ ទី១៖ ឈ្មោះ អោង ណាង ភេទប្រុស អាយុ៣៩ឆ្នាំ (ជនដៃដល់) និងទី២៖ ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ (ទទួលបញ្ចាំផលនៃអំពើលួច)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ផ្តល់សិទ្ធិដោយ៖ freshnews