TOP NEWS: ក្រសួងសុខាភិបាលផ្លូវការ អំពីករណីបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅស្រុកមេសាង ស្លាប់ដោយសារកូវីដ១៩
Khmer press April 6, 2021 at 2:52 pm
facebook

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីប្រកាស បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលទទួលមរណភាពនេះ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពសន្លប់ បាត់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែនៅតែទៅមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន។ ក្រសួងបានបន្តថា ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគរកវីរុសកូវីដ១៩ ជាលទ្ធផលបានបញ្ជាក់ថា សពមានវិជ្ជមានជំងឺកូវីដ១៩។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺបុរសខាងលើ បានស្លាប់មុនពេលចូលទៅដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១៧៩៤ និងស្លាប់សរុប២២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews