របាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំ 2020 របស់ក្រុមហ៊ុន Huawei បង្ហាញថា នៅតែមានកំណើនគួរឲ្យកត់សម្គាល់
Chan Liny April 7, 2021 at 9:49 am
facebook

ដូចយើងបានដឹងហើយ ពីស្ថានភាពបច្ចុប្បន្នរបស់ Huawei ពោលគឺក្រុមហ៊ុននេះ នៅតែបន្តដំណើរទៅមុខទៀត បើទោះជាសភាពរបស់គេជាមួយអាមេរិក កាន់តែបន្តភាពតានតឹងក៏ដោយ។ ប្រាកដណាស់ ដោយសារតែឥទ្ធិពល នៃការដាក់ពិន័យរបស់អាមេរិក គឺនឹងប៉ះពាល់ដល់ចំណូលរបស់ Huawei ជាមិនខាន ប៉ុន្តែបើតាមការបង្ហាញចេញពីសំណាក់ Huawei ផ្ទាល់នាពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនគេនៅតែបន្តមានចំណូលកើនឡើងដដែល គ្រាន់តែនោះគឺជាកំណើនយឺតមួយ បើធៀបទៅនឹងពេលដែលគេមិនទាន់ទទួល ការដាក់ពិន័យពីអាមេរិក ក៏ដូចជាបញ្ហាជំងឺរាតត្បាត។

មិនខុសទេ បើតាមការបង្ហាញចេញពី Huawei បានឲ្យដឹងថា នៅក្នុងឆ្នាំ 2020 កន្លងទៅ ចំណូលសរុបរបស់គេ ដែលទទួលបានមានប្រមាណជា 136.7 ពាន់លានដុល្លារ កើនឡើងប្រមាណជាខ្ទង់ 3.8% រីឯប្រាក់ចំណេញវិញ ក៏មានការកើនឡើងប្រមាណជាខ្ទង់ 3.2% ដូចគ្នា ដោយសរុបជាទឹកប្រាក់ទៅ គឺត្រូវនឹងខ្ទង់ 9.9 ពាន់លានដុល្លារផងដែរ។ ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ដែរថា បើទោះជាគេជួបប្រទះជាមួយបញ្ហាលំបាក ដោយសារអាមេរិក ក៏ដូចជាបញ្ហាជំងឺឆ្លង COVID-19 ក៏ដោយ ប៉ុន្តែក្នុងឆ្នាំ 2020 គេនៅតែបន្តដំណើរការរបស់ខ្លួនបានយ៉ាងរលូន ជាក់ស្ដែងសម្រាប់វិស័យទូរគមនាគមន៍របស់គេ គឺនៅតែព្យាយាមធ្វើឲ្យបណ្ដាញជាង 1,500 ក្នុងចំណោមប្រទេស និងតំបន់ជាង 170 នោះ បន្តមានស្ថេរភាពដូចដើម។

ក្រៅពីនេះ Huawei ក៏បានព្យាយាមអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន ទៅលើផ្នែកផ្សេងៗ ឲ្យកាន់តែប្រសើរឡើងដែរ ជាក់ស្ដែងដូចជា គេបានប្រកាសចេញផ្លូវការនូវ HarmonyOS និងពង្រីក Huawei Mobile Services (HMS) របស់ខ្លួន ឲ្យកាន់តែធំ ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ កាន់តែសម្បូរបែបថែមទៀត។

គួរបញ្ជាក់ដែរថា ចំណូលមួយផ្នែកធំរបស់ Huawei ក្នុងឆ្នាំ 2020 គឺដោយសារតែភាពជោគជ័យរបស់គេ ក្នុងទីផ្សារប្រទេសចិននោះឯង ដោយគេកាន់តែទទួលបានការគាំទ្រច្រើន ជាពិសេសនោះ គឺជាការដាក់សម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធ 5G ជាផ្លូវការនេះតែម្ដង ដែលក្លាយជាផ្នែកសំខាន់មួយ ជំរុញឲ្យចំណូលរបស់គេបន្តកើនឡើង។ សម្រាប់ការដាក់ឲ្យដំណើរការ 5G នេះដែរ មិនមែនមានតែលើទីផ្សារចិនមួយទៀត ជាក់ស្ដែង Huawei ក៏បានពង្រីកខ្លួនចូលទៅកាន់ទីផ្សារអឺរ៉ុប, តំបន់មជ្ឈឹមបូព៌ា ព្រមទាំងតំបន់អាហ្រ្វិកផងដែរ។