សែលកាត ផ្គត់ផ្គង់សេវាទូរស័ព្ទបន្ទាន់ដោយឥតគិតថ្លៃ ជូនដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនទំនិញនៅក្នុង ”តំបន់ក្រហម”
Chan Liny May 6, 2021 at 8:43 pm
facebook

(ភ្នំពេញ៖ 6 ឧសភា 2021) ក្រុមហ៊ុន សែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់ជូននូវ ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ជូនដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ក្រហម។
សេវាអតិថិជនទាន់ហេតុការណ៍នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវការបញ្ជាទិញស្បៀងអាហារ ដែលមានផ្តល់ជូននៅលើហាងអនឡាញរបស់ក្រសួងពាណិជ្ជកម្ម៖ shop.moc.gov.kh។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា សេវាអតិថិជនទាន់ហេតុការណ៍ គឺជាជម្រើសដ៏ចាំបាច់បំផុតមួយ សម្រាប់ពលរដ្ឋដែលត្រូវការបញ្ជាទិញទំនិញតាមរយៈទូរស័ព្ទ ហើយទូទាត់ជាសាច់ប្រាក់។

“មិនមែនមនុស្សគ្រប់គ្នា ជាពិសេសមនុស្សចាស់ សុទ្ធតែចេះទិញទំនិញតាមអនឡាញ និងបង់ប្រាក់តាមប្រព័ន្ធឌីជីថលនោះឡើយ ដូច្នេះយើងត្រូវតែធានាឱ្យបានថា ពលរដ្ឋគ្រប់រូប គឺទទួលបាននូវឱកាសក្នុងការទិញទំនិញដូចៗគ្នា”។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “ប្រព័ន្ធសែលកាត បានភ្ជាប់មកជាមួយនូវខ្សែទំនាក់ទំនងចំនួន 10 ដែលមានសមត្ថភាពអាចទទួលការហៅចូលដើម្បីបញ្ជាទិញទំនិញ ក្នុងចំនួនច្រើនក្នុងពេលតែមួយ ពោលគឺផ្តល់ជូននូវការសម្របសម្រួលបានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត”។

ប្រព័ន្ធ Cloud PBX និងឧបករណ៍ទូរស័ព្ទ គឺត្រូវបានផ្តល់ជូនទៅកាន់ក្រសួងពាណិជ្ជកម្ម ដោយក្រុមហ៊ុនសែលកាតដោយឥតគិតថ្លៃ។
លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា ខណៈដែលករណីឆ្លងនៅមានច្រើននៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្ម និងអាជ្ញាធរ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវជួយទៅដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ដែលមានការរឹតត្បិតខ្លាំង តាមរយៈការផ្តល់ជូននូវអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗឱ្យបានគ្រប់គ្រាន់ផងដែរ។

ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាត ចំពោះការផ្តល់ជូននូវវិភាគទានសប្បុរសធម៌ ចំពោះបុព្វហេតុនេះ។

“យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ជាពិសេសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលបានជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ឱ្យទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតបានឆាប់រហ័ស និងកាន់តែងាយស្រួលជាងមុន”។

ការបរិច្ចាគសេវាកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានបញ្ចប់ការពង្រីកបណ្តាញរបស់ខ្លួននាពេលថ្មីៗនេះ ចំនួន 169ទីតាំងទៀត ដើម្បីកែលម្អបណ្តាញគ្របដណ្តប់ និងគុណភាពសេវានៅតាមតំបន់ក្រហម និងពណ៌លឿងទុំក្នុងរាជធានីភ្នំពេញ៕